
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចអនុម័តអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ២ធ្វើការវិនិយោគអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅក្នុងខេត្តឧត្តរមានជ័យ និងកោះកុង ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ ក្រុមហ៊ុនទាំង២នេះ គ្រោងដាក់ទុនវិនិយោគដល់ទៅជាង១ពាន់៥រយលានដុល្លារអាមេរិកឯណោះ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនHAN SENG COAL MINES CO.,LTD ធ្វើការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបានអនុញ្ញាតឲ្យក្រុមហ៊ុន ROYAL GROUP សហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពីប្រទេសចិនធើ្វការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ។
សម្រាប់នៅឧត្តរមានជ័យផងក្រុមហ៊ុនHAN SENG COAL MINES CO.,LTD គ្រោងចំណាយទំហំទឹកប្រាក់វិនិយោគចំនួន២៩៤,៣០លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០%និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%។ រយៈពេលនៃការសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី គឺធ្វើជាពីរដំណាក់កាលដោយដំណាក់កាលទី១ ម៉ាស៊ីន ២ គ្រឿង ទំហំ (២×៦៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ និងដំណាក់កាលទី២ ម៉ាស៊ីន ១ គ្រឿង ទំហំ (១×១៣៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២២។ រីឯរយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ ២៥ ឆ្នាំ។
ចំណែកនៅក្នុងខេត្តកោះកុងវិញ ក្រុមហ៊ុន ROYAL GROUP និង ក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD គ្រោងចំណាយទឹកប្រាក់ដល់ទៅ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០% និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%។ រយៈពេលនៃការសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រអគ្គិសនី គឺម៉ាស៊ីនទី១ ទំហំ (១x៣៥០) មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ ទំហំ (១x៣៥០) មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរករនៅឆ្នាំ២០២៤។ ចំពោះរយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ ៣៥ឆ្នាំ៕