Img 0571

ឯកឧត្តមកែវ វណ្ណថន៖កម្ពុជាអនុវត្ត«ច្បាប់អន្តោប្រវេសន៍»ស្មើភាពនិងគ្មានការរើសអើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានៅថ្ងៃទី ១៩ មិថុនានេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយថា “អាជ្ញាធរខ្មែរស្នើវៀតណាមពនឿន នីតិវិធីដើម្បីទទួលយកជនជាតិរបស់ខ្លួនទៅវៀតណាមវិញឲ្យបានឆាប់"។សម្រាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការផ្សាយនេះធ្វើឲ្យមានការភ័ន្តច្រឡំ និងផ្ទុយ ពីខ្លឹមសារដើមនៃជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាកន្លងមក។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺជូនសារព័ត៌មាននិងសាធារណៈថា ពាក់ព័ន្ធនឹងសំណើរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងជំនួបពិភាក្សាការងារខាងលើ គឺសំដៅ ដល់ការស្នើសុំទៅភាគីវៀតណាម ផ្តល់កិច្ចសហការក្នុងការផ្តល់ឯកសារធ្វើដំណើរ សម្រាប់ធ្វើការបណ្តេញ ជនជាតិវៀតណាមខុសច្បាប់គ្មានលិខិតឆ្លងដែន ដែលត្រូវបានឃាត់ខ្លួន និងកំពុងរក្សាទុកនៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ត្រឡប់ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ហើយនីតិវិធី នេះ ត្រូវបានអនុវត្តជាទូទៅក្នុងកិច្ចការងារអន្តោប្រវេសន៍ សម្រាប់ធ្វើការបញ្ជូនជនបរទេសខុសច្បាប់ត្រឡប់ ទៅប្រទេសដើមវិញ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា "ការអនុវត្តច្បាប់ គឺអនុវត្តចំពោះអ្នកខុសច្បាប់ ចំពោះអ្នកដែលស្នាក់នៅត្រឹមត្រូវតាមច្បាប់កំណត់ យើងបន្តគ្រប់គ្រងដោយម៉ត់ចត់ បើប្រព្រឹត្តល្មើសច្បាប់ជាធរមានដោយប្រការណាមួយ យើងត្រូវយកច្បាប់មកអនុវត្តដោយស្មើភាព និងគ្មានការរើសអើង។"

គួរបញ្ជាក់ថា ជនបរទេសអន្តោប្រវេសន៍វៀតណាម ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍សរុបចំនួន ៨៩,៤៧១នាក់ (ស្រី ៤២,៨៣៦នាក់)។ នេះបើតាមការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ដោយឡែក ៥ខែដើមឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមខុសច្បាប់ចំនួន៨២នាក់ ស្រី៥៣ នាក់។ ជានីតិវិធី ចំពោះជនបរទេសស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន មិនថាវៀតណាម ឬជនបរទេសផ្សេងទៀតនោះទេ យើងត្រូវការកិច្ចសហការក្នុងការផ្តល់ឯកសារធ្វើដំណើរ ក៏ដូចជាសម្រួលសម្រួលនៅច្រកទ្វារព្រំដែន ពីសាមីប្រទេស។

ជនបរទេសទាំងអស់ត្រូវតែគោរពច្បាប់របស់កម្ពុជា បើខុសច្បាប់ អគ្គនាយកដ្ឋាន ដាច់ខាតត្រូវតែអនុវត្តច្បាប់ដោយម៉ឺងម៉ាត់បំផុត និងគ្មានការរើសអើងជាតិសាសន៍ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង