Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានាំចេញដំឡូងមីគិតជាប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន ៦៦៣ ៩២៩ហត បរិមាណផលសរុបចំនួន ១២ ៦៨០ ៩៨៧តោន នៅក្នុងឆ្នាំ២០២០ ។ ក្រៅពីការ ប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី ចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារ/ឆ្នាំ។ នេះយោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន កម្ពុជាបានចាត់ទុកដំឡូងមីគឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក(ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ(ស្រស់ ចំណិតក្រៀម និងជាម្សៅ)។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ ការនាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន (កើនឡើងចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០ តោន ប្រទេសវៀតណាមចំនួន ៣៦២ ៦៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន។ ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន (ថយចុះចំនួន -៥,២០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦០ ០០០តោន និងប្រទេសវៀតណាមចំនួន ២៧៩ ០០០តោន។

ចំណែក ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនឡើងចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២ ៨៤១ តោន ប្រទេសអ៊ីតាលីចំនួន ៣៣,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ២៩៥,៨០ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង