
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមចិញ្ចឹមត្រី ដើម្បីបំពេញតម្រូវការទទួលទានរក្នុងស្រុក។ការប្រកាសនេះ ខណៈ ក្នុងមួយឆ្នាំប្រជាជនកម្ពុជាម្នាក់ទទួលទានត្រីប្រមាណ៥២,៤គីឡូក្រាម ឬអាចកើនឡើងដល់ទៅប្រមាណ ៧៥,៦គីឡូក្រាម។
ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាជនកម្ពុជាមានការកើនឡើង ជារៀងរាល់ឆ្នាំ ផ្អែកតាមតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅក្នុងឆ្នាំ២០១៩ មានចំនួន ១៥, ២៨៨ ,៤៨៩នាក់ ដែលកើនឡើងចំនួន ១៤,១% រយៈពេល១១ឆ្នាំ រវាង ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យតម្រូវការត្រី សាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។
បើតាមក្រសួងកសិកម្ម តម្រូវការខាងលើនេះ ពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងវី-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹក ចិត្តប្រកបដោយភាពកក់ក្តៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និង ខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។
តែយ៉ាងណាមិញ ក្រសួងកសិកម្មក៏បានលើកឡើងពីបញ្ហាចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជាដែលនៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាន។បញ្ហាទាំងអស់នោះ ដូចជាកំណើនប្រជានេសាទ បទល្មើសជលផលនៅតែកើតមាន ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងវិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់៕