ខេត្តស្វាយរៀង៖ ជនជាតិចិនចំនួន១៧៤នាក់ដែលធ្វើដំណើរមកពីហ្វីលីពីនឆ្លងកាត់ភ្នំពេញទៅកាន់ក្រុងបារិត ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងឃាត់ខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី ២៤ ខែមីនា ដើម្បីតាមដានរកជំងឺកូវីដ-១៩។ ជនជាតិចិនទាំងនេះ ត្រូវបានដាក់ឱ្យនៅដាច់ឡែកពីគេនៅក្នុងសណ្ឋាគារអ៊ឹម ម៉ីហៀងក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ដោយ៖ ហួឆេងស៊ីម
លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានអះអាងប្រាប់ស៊ីស៊ីថាមស៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ជនជាតិចិនទាំង១៧៤នាក់នេះបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកម្ពុជាតាមរយៈជើងយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មក ពួកគេបានបន្តដំណើរពីភ្នំពេញទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៤ ខែមីនា។
លោករស់ ផារិទ្ធ បានបន្តទៀតថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជារបស់ជនជាតិចិនមួយក្រុមនេះ គឺដោយសារប្រទេសហ្វីលីពីនកំពុងរងការវាយប្រហារដោយសារជំងឺកូវីដ-១៩ ហើយមានតែកម្ពុជាប៉ុណ្ណោះដែលនៅតែបន្តបើកឱ្យមានជើងហោះហើរទៅមកបាន។ ហេតុដូច្នេះហើយ ពួកគេក៏សម្រេចចិត្តធ្វើដំណើរមកទីក្រុងភ្នំពេញ ហើយបន្តដំណើរទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីស្នាក់នៅ២ ៣ថ្ងៃ រហូតដល់មានការសម្រួលពីក្រុមហ៊ុនទេសចរណ៍រកសំបុត្រហោះហើរត្រឡប់ទៅប្រទេសចិនវិញ។
គិតមកដល់ពេលនេះ ជនជាតិចិនទាំង១៧៤នាក់មិនមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ។ តែទោះជាបែបនេះក្តី អាជ្ញាធរខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតនៅតែបន្តតាមដានសុខភាពរបស់ពួកគេរហូតដល់រយៈពេល១៤ថ្ងៃដែលជារយៈពេលកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា។ លោករស់ ផារិទ្ធ បានគូសបញ្ជាក់ថា ការស្នាក់នៅរបស់ជនជាតិចិនទាំងនេះ គឺស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញារមានសមត្ថកិច្ច៕