កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការដល់អាជ្ញាធរមូលដ្ឋាន ដើម្បីរឹតបន្តឹងនិងត្រួតពិនិត្យចំនួនប្រជាពលរដ្ឋដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹក ឬសំណង់អនាធិបតេយ្យជៀសវាងការហូរចូលពីភ្នំពេញ។វិធានការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាបាលរាជធានីភ្នំពេញសម្រេចឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក ឬសំណង់អនាធិបតេយ្យរុះរើសចេញ ដើម្បីរក្សាបរិស្ថានទន្លេ។
ដើម្បីទប់ស្កាត់ការហូរចូលពីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការដល់អាជ្ញាធរមូលដ្ឋានជាពិសេសស្រុកដែលនៅជាប់ជាមួយរាជធានីភ្នំពេញចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹក និងការសាងសង់សំណង់អនាធិបតេយ្យ។
បើតាមប្រភពមន្ត្រីនៃសាលាខេត្តកណ្តល បានអះអាងថា វិធានការនេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកណ្តាល ហើយប្រសិនបើមានការហូរចូលពីភ្នំពេញអាជ្ញាធរខេត្តនឹងអនុវត្តតាមវិធានការ មិនអនុញ្ញាតឱ្យមកបោះមូលដ្ឋានក្នុងដែនទន្លេមេគង្គនៃខេត្តកណ្តាលនោះឡើយ។
គួរបញ្ជាក់ថា ឱសានវាទរបស់សាលារាជធានីភ្នំពេញឱ្យពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រីផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងរយៈពេល១សប្តាហ៍បានបញ្ចប់ហើយកាលពីថ្ងៃទី០៩ ខែមិថុនា។ចាប់ពីថ្ងៃទី១២ មិថុនា អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការក្តៅចំពោះអ្នកមិនព្រមរុះរើដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូតខាតទ្រព្យសម្បត្តិឡើយនៅពេលអនុវត្តវិធានការក្តៅនេះទេ។ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕



