
ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរបានកំណត់អត្តសញ្ញាណនៃគ្រួសារគោលដៅដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដចំនួន ៦១៦៧៨ គ្រួសារ ដែលរួមមានគ្រួសារនៅក្នុងតំបន់បិទខ្ទប់ គ្រួសារដែលមានអ្នកឆ្លងកូវីដ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារកូវីដ។ រដ្ឋាភិបាលបានកំណត់សាច់ប្រាក់ឧបត្តម្ភក្នុងការចែកជូនដល់គ្រួសារជាង៦ម៉ឺននេះនៅក្នុងដំណាក់កាលទី១ ក្នុងទឹកប្រាក់សរុបប្រមាណជាង ១៦ពាន់ប៊ីលានរៀល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងយន្តការ នៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយសារជំងឺកូវីដ-១៩ លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ឧសភា ២០២១ អាជ្ញាធរបានរកឃើញគ្រួសារគោលដៅចំនួនរាប់ម៉ឺនគ្រួសារនៅក្នុងតំបន់បិទខ្ទប់ទាំងបីមាននៅក្នុងរាជធានីភ្នំពេញ ទីក្រុងតាខ្មៅនៃខេត្តកណ្តាល និងទីក្រុងព្រះសីហនុនៃខេត្តក្រុងព្រះសីហនុ ដែលនឹងអាចទទួលបានប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល។
បើតាមការបញ្ជាក់ពីវាគ្មិននៅក្នុងសន្និសីទសារព័ត៌មានថា ចំពោះគ្រួសារដែលគ្រោះដោយសារកូវីដជាង៦ម៉ឺនគ្រួសារ អាចទៅបើកប្រាក់ឧបត្តម្ភពីរដ្ឋាភិបាលផ្តល់ជូននៅតាមភ្នាក់ងារបញ្ចូលវីងដែលនៅជិតផ្ទះរបស់ពលរដ្ឋ។ ដោយឡែក អាជ្ញាធរបានគូសបញ្ជាក់ថា ចំពោះពលរដ្ឋដែលរងគ្រោះដោយសារកូវីដដទៃទៀតដែលមិនទាន់បានជាប់ឈ្មោះក្នុងការទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋាភិបាល សូមរួសរាន់ទាក់ទងអាជ្ញាធរក្នុងការដាក់ពាក្យចាប់ពីថ្ងៃទី១០មិថុនានេះ រហូតដល់ថ្ងៃទី១៧មិថុនា ដើម្បីទទួលបានការឧបត្តម្ភប្រាក់របស់រដ្ឋាភិបាលនៅដំណាក់កាលបន្ទាប់៕