
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ស្នើដល់ទូតហ្វីលីពីនប្រចាំកម្ពុជា ជួយជំរុញភ្ញៀវទេស ចរហ្វីលីពីន មកទស្សនានៅក្នុងប្រទេសកម្ពុជាបន្ថែម ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅពេលនេះកម្ពុជាកំពុងរៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឬមកពីកន្លែងដែលមានហានិភ័យទាបមកទស្សនានៅក្នុងកន្លែងដែលមានសុវត្ថិភាពនៅកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយលោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីអំពី កញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាពសម្រាប់ប្រទេសដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជាក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។
លោកស្រី Maria Amerita C. Aquino បានឯកភាពនឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរមកទស្សនា ក្រោយស្ថានភាពកូវីដបានធូរស្រាលជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរ។
គួររំលឹកថា នៅថ្ងៃទី២៤ ខែឧសភា តាមប្រព័ន្ធវីដេអូ (Video Conference) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិភាក្សាសម្រេចលើឯកសារទស្សនាទានស្តីពីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះអង្គប្រជុំបានឯកភាពនិងសម្រេចដាក់ចេញនូវផែនការសកម្មភាពអាទិភាពមួយចំនួនរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១។
ជាលទ្ធផលក្នុងកិច្ចប្រជុំ ការអនុវត្តគម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ និង សង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង៕