
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមនៅក្នុងរយៈពេល៤ ខែនៃដើមឆ្នាំ២០២១ បានឈានដល់ ៣.៨៩២ ពាន់លានដុល្លារកើនឡើង ១២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការកើនឡើងនេះដោយសារទំនាក់ទំនងនៃការនាំចេញ-នាំចូលទំនិញជាទ្វេភាគីតាមច្រកព្រំដែនគោកប្រព្រឹត្តទៅជាប្រក្រតីទោះជាមានការរំខានខ្លះៗពីផលប៉ះពាល់កូវីដ១៩ ក្តី។
ឯកឧត្តម ប៉ែន សុវិជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី១០ ខែ ឧសភាថា មូលហេតុនៃកំណើននេះគឺអាស្រ័យដោយទំនាក់ទំនងនៃការនាំចេញ-នាំចូលទំនិញជាទ្វេភាគីតាមច្រកព្រំដែនគោក នៅប្រព្រឹត្តទៅជាប្រក្រតី បើទោះជាមានការរំខានខ្លះៗពីផលប៉ះពាល់កូវីដ១៩ ក្តី។ ការនាំចូលសម្ភារប្រើប្រាស់, សម្ភារសំណង់, និងវត្ថុធាតុដើមសម្ភារៈ គ្រឿងបង្គុំ/បន្លាស់សំរាប់រោងចក្រវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាប់នឹងព្រំដែនវៀតណាមមានសកម្មភាពសកម្មជាងមុនអាស្រ័យតម្រូវការផលិត និងតម្រូវការប្រើប្រាស់ក្នុងស្រុក។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការនាំចេញកសិផលពីកម្ពុជាទៅវៀតណាមនិងការនាំចូលទំនិញជាស្បៀងមួយចំនួនពីវៀតណាមមកកម្ពុជាក៏មានកំណើនជាងមុនដោយសារការសំរួលពាណិជ្ជកម្ម និងភាពងាយស្រួលរយៈចម្ងាយជិត នាំអោយអាចសំរបសំរួលតំរូវការទីផ្សារទាន់ពេលវេលា។ លើសពីនេះទំនិញកសិផលកម្ពុជានិងទំនិញវត្ថុធាតុដើមសម្ភារៈសំណង់ពីចិនឆ្លងកាត់កំពង់ផែវៀតណាមក៏មានកំណើន នាំអោយតួលេខកត់ត្រាអាចកើនឡើងខ្ពស់បើរាប់បញ្ចូលទំនិញឆ្លងកាត់ទាំងនេះ។
ឯកឧត្តមពន្យល់ថា ការដឹកជញ្ជូនដែលចេញតាមច្រកកំពង់ផែស្វ័យតភ្នំពេញត្រូវឆ្លងកាត់ផែវៀតណាមដែលជាផែអន្តរជាតិ។ កន្លងមកមានការឆ្លងកាត់ច្រើន អាស្រ័យដោយការជ្រើសរើសរបស់ម្ចាស់ទំនិញនិងភ្នាក់ងារដឹកជញ្ជូនដែលជួនកាលត្រូវបង្រ្គប់បន្ថែមកុងទែន័រអោយពេញចំណុះកប៉ាល់មេនៅផែវៀតណាម៕