Yearendyearend1140x150

ខេត្តកណ្តាលផ្តើម«ចាក់វ៉ាក់សាំង»ជូនពលរដ្ឋប្រមាណ៩០ម៉ឺននាក់ចាប់ពីថ្ងៃទី១០មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តប្រមាណជា៩០ម៉ឺននាក់ចាប់ពីថ្ងៃទី ១០ មិថុនានេះទៅ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ឯកឧត្តម គង់ សោភ័ណ បានថ្លែងថា ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមចាក់វ៉ាក់សាំង​ជូន​​ដល់​ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ចាប់ពីថ្ងៃទី ១០ មិថុនា ឆ្នាំ២០២១នេះ ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត បានរៀបចំកម្លាំងក្រុមគ្រូពេទ្យ និងទីតាំងនៅតាមស្រុកនានា ដើម្បីចាប់ផ្តើមយុទ្ធនាការររយៈពេល១ខែទាំងដូសទី១ និង ទី២។

បើតាមឯកឧត្តម គង់ សោភ័ណ យុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១ខែនេះនឹងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តកណ្តាលដែលមានប្រមាណជា៩០ម៉ឺននាក់ ដោយក្នុងនោះមានកម្មករប្រមាណជា១១ម៉ឺននាក់ ហើយកម្មករទាំងអស់អាចនឹងចាក់​នៅតាមរោងចក្រ។

ជាការកត់សម្គាល់ ការផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលនេះ ធ្វើឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញបានជិតបញ្ចប់ ខណៈដែលពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប្រហែលជាងជិត២លាននាក់បានទៅទទួលការចាក់វ៉ាក់សាំងពីក្រុមគ្រូពេទ្យ។

គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩​ជូនមន្រ្តីរាជការ ​ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៤៣៧នាក់។រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង