ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០៩ ខែមិថុនា នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងវិជ្ជមានកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្ដរហ័ស(Rapid Test) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដែលមានអ្នកនៅស្រុកតំបែរ ០១នាក់, ស្រុកមេមត់ ០៣នាក់, ស្រុកអូររាំងឪ ០១នាក់ និងស្រុកក្រូចឆ្មារ ០៧នាក់ នៅខណៈមានអ្នកជាសះស្បើយពីកូវីដ ចំនួន ០៨នាក់ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ករណីឆ្លងខាងលើទាំង ១២ករណី ជាករណីឆ្លងក្នុងសហគមន៍ , ឆ្លងមកពីថៃ និងឆ្លងមកពីរាជធានីភ្នំពេញ ដែលរដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ឱ្យរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល រួមទាំងសូមធ្វើចត្តាឡីស័ក តាមដានសុខភាពតាមផ្ទះរៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ដោយឡែក អ្នកជាសះស្បើយ បានអនុវត្តឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយតម្រូវឱ្យបន្តអនុវត្តតាមវិធានការក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត។
បើសិនជាករណីមានចេញរោគសញ្ញាផ្សេងៗ ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕