
ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជា បានដាក់ពាក្យសុំបិទដំណើរការក្រុមហ៊ុន ដោយសារបំណុលរបស់ក្រុមហ៊ុនមានច្រើន។បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនានេះ។
ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានដាក់ពាក្យទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេស ដើម្បីស្នើសុំបិទដំណើរការក្រុមហ៊ុនដោយសារបំណុលរបស់ក្រុមហ៊ុន គឺច្រើនលើសពីតម្លៃនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នាំឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ធយការបង់បានដូច្នេះក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីបិទក្រុមហ៊ុននោះទេ។
មកដល់ពេលនេះ តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេសមិនទាន់បានកំណត់កាលបរិច្ឆេទនៃថ្ងៃបើកសវនាកា ចំពោះពាក្យស្នើសុំរបស់ក្រុមហ៊ុន KrisEnergy នៅឡើយទេ។ប្រសិនបើមានការយល់ព្រមមែនមានន័យថា រាល់គម្រោងប្រតិបត្តិការណ៍គម្រោងរបស់ក្រុមហ៊ុននេះនឹងត្រូវបិទទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Kris Energy របស់សិង្ហបុរីនេះបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា កាលពីឆ្នាំ ២០១៧ សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ គឺបន្ទាប់ពីក្រុមហ៊ុនយក្សរបស់អាមេរិកឈ្មោះ Chevron បានដកខ្លួនចេញ។ ក្រុមហ៊ុន Kris Energy បានជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវ “ ក្តីសុបិន្តប្រេង” ដែលបានរង់ចាំជាយូរមកហើយ។គិតមកដល់ពេលបច្ចុប្បន្នេះ ក្រុមហ៊ុនបានបូមប្រេងបានជិត៣០ម៉ឺបារ៉ែលហើយ ចំពោះទីផ្សារលក់កំពុងពិភាក្សា៕