កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ ចំនួន ២៧នាក់ ក្នុងនោះស្រុកជើងព្រៃ ០៨នាក់, ស្រុកចំការលើ ០១នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកកំពង់សៀម ០៦នាក់,ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ដែលបានធ្វើសំណាកក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៩៨៩នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ២៧នាក់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕