Yearendyearend1140x150

អ្នកប្រើប្រាស់បណ្ដាញសង្គមសូមប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី"មូលនិធិសុខុមាលភាពកូកា-កូឡា"

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ដោយ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖  ក្រុមការងារបច្ចេកទេស បានក្រើនរំលឹកដល់បណ្ដាអ្នកប្រើប្រាស់បណ្ដេញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នល្បិចបោកប្រាស់របស់ជនអនាមិក តាមរយៈកម្មវិធី "មូលនិធិសុខុមាលភាពកូកា-កូឡា" ដែលមានខ្លឹមសារថា "ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល" ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ នេះបើយោងតាមប្រភពព័ត៌មានពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានសង្កេតឃើញនូវសារចែករំលែកបន្តក្នុងកម្មវិធីបណ្តាញសង្គម ក្នុងរយៈពេលថ្មីៗនេះ តួយ៉ាងកម្មវិធី Facebook Messenger , Telegram និងកម្មវិធី WhatsApp ជាដើម ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ពីកម្មវិធី"មូលនិធិសុខុមាលភាពកូកា-កូឡា"។ នាយកដ្ឋាន ក៏សូមណែនាំដល់អ្នកប្រើប្រាស់បណ្ដេញសង្គមទាំងឡាយ កុំជឿលើការឈ្នះរង្វាន់នៃកម្មវិធីខាងលើនោះ វាគ្រាន់តែជាល្បិចបោកប្រាស់ របស់ជនខិលខូច បោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់ខ្លួនតែប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ យោងតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានស្រាវជ្រាវដឹងពីកម្មវិធីខាងលើគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖ 

១. ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ  

២. ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់

៣. ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។

លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖

៤. ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)

៥. ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។ 

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សារទាំងអស់នេះ គឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

សរុបមកវិញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ដូចជានាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ដូចគ្នាដែរ ក៏បានសំណូមពរណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត ដោយកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

ដោយ៖ អគ្គលេខាធិការដ្ឋាននៃនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង