កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមិថុនា នេះ ស្តីពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ អាសយដ្ឋាននៅនៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ យប់ម៉ោង០៧ និង០០នាទី ដោយសារជំងឺកូវីដ-១៩។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ដោយយោងតាមរបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត» បានឲ្យដឹងថា ស្រ្តីជាតិខ្មែរ ឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានធ្វើតេស្តកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយសារបាន ប៉ះពាល់ដោយផ្ទាល់នឹងកូនស្រី (វិជ្ជមានកូវីដ-១៩) ជាកម្មការិនីរោងចក្រខាលីនតុន។ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺរីកបេះដូង។
ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺខាងលើ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺរីកបេះដូង។
រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕