
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ បរិមាណអង្ករនាំចេញរបស់កម្ពុជាមានចំនួនសរុប ២៣៣ ០៣១តោន ដែលត្រូវបាននាំចេញដោយ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
បើតាមការចុះផ្សាយរបស់ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣%។ អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)។
សូមបញ្ជាក់ថា ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន៕