
ប៉ៃលិន៖ កាស៊ីណូចំនួន២កន្លែងនៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃនៃខេត្តប៉ៃលិនត្រូវបានបិទជាបន្ទាន់ បន្ទាប់ពីបានតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដចំនួន៤២នាក់ ដែលក្នុងនោះមានភ្ញៀវចង់រត់គេច តែខាងកងកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ទាន់ពេលវេលា។
បើតាមការបញ្ជាក់ពីមន្ត្រីក្នុងការិយាល័យhotlineនៃស្នងការនគរបាលខេត្តប៉ៃលិនបានប្រាប់ថាកាលពីយប់ថ្ងៃទី៣០ខែឧសភានេះពិតជាមានអ្នកលេងល្បែងក្នុងកាស៊ីណូចង់រត់គេចពីការធ្វើតេស្តកូវីដ១៩មែន ដែលធ្វើអោយមានភាពច្របូកច្របល់ ក៏ប៉ុន្តែខាងប៉ូលីសបានគ្រប់គ្រងស្ថានការណ៍បានយ៉ាងជោគជ័យ។
មន្ត្រីក្នុងការិយាល័យhotline បន្តថា កាស៊ីណូដែលបានបិទកាលពីថ្ងៃម្សិលមិញនេះ មានមនុស្សសរុប៤២នាក់វិជ្ជមានកូវីដ១៩ ដោយក្នុងនោះមានភ្ញៀវផងដែរ។
ចំណែកលោក លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ម្សិលមិញនេះ នៅក្នុងកាស៊ីណូSuper Richនិងកាស៊ីណូKR Victoria ត្រូវបានបិទជាបណ្តោះអាសន្នភ្លាមៗជាបន្ទាន់ ដោយតម្រូវឱ្យបុគ្គលិកនិងភ្ញៀវទាំងអស់ធ្វើតេស្តកូវីដ១៩។
លោកស្នងការខេត្តបានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលនោះ មានភ្ញៀវមួយចំនួនបានបដិសេធធ្វើតេស្ត និងប៉ុនប៉ងចង់រត់ចេញទៅខាងក្រៅ ដោយបង្កអោយមានភាពច្របូកច្របល់។ តែកងកម្លាំងប៉ូលីសបានគ្រប់គ្រងស្ថានការណ៍បានភ្លាមៗ ដោយអនុវត្តវិធានការយ៉ាងតឹងរឹង។
រីឯលោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ភាពច្រើនអ្នកដែលពាក់ព័ន្ធនឹងករណីនេះ ជាអ្នកចល័តមកពីបណ្ដាខេត្ត ហើយពេលនេះខាងអ្នកពាក់ព័ន្ធកំពុងតែចាត់ចែងលើបញ្ហានេះ។
លោកថា ៖«ទំហំនៃការប៉ះពាល់នេះមិនអាចស្មានដឹងទេ ដោយសាតែពីដើមមកខាងខេត្តអាចគ្រប់គ្រងបាន តែមកដល់ពេលនេះដោយសារតែមានការបិទកាស៊ីណូដូច្នេះទៀតមានតែរង់ចាំលទ្ធផល ហើយប្រសិនបើសភាពការណ៍មិនអាចគ្រប់គ្រងបានទេ គឺវាអាចមានទំហំធំ»។
ជាងនេះទៅទៀត ខាងក្រុមការងារពា់ព័ន្ធ បានក្ដាប់ស្ថានការណ៍ និងកំណត់អត្តសញ្ញាណនៃអ្នកពាក់ព័ន្ធអស់ហើយ។
ទាក់ទងនឹងបញ្ហានេះ ខាងមន្ទីរសុខាភិបាលខេត្តប៉ៃលិនកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ហើយចំនួនអ្នកវិជ្ជមានកូវីដ១៩អាចមានការកើនឡើង៕