ភ្នំពេញ : សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅថ្ងៃពុធសប្តាហ៍នេះ បានជូនដំណឹងណែនាំដល់សាលារៀនចិនទូទាំងព្រះរាជាណាចក្រកម្ពុជា អោយពង្រឹងការងារទប់ស្កាត់ការឆ្លងជំងឺរលាកសួតដោយមេរោគកូរ៉ូណាអោយបានខ្ជាប់ខ្ជួន។
ក្នុងសេចក្តីជូនតំណឹងសមាគមសម្ព័ន្ធខ្មែរ-ចិន បានអោយដឹងថា ថ្មីៗនេះជំងឺរលាកសួតដោយមេរោគកូរ៉ូណាបានរីករាលដាលក្នុងប្រទេសជាច្រើនលើសកលលោក ពិតជាធ្វើអោយមានការព្រួយបារម្ភ។នៅក្នុងប្រទេសកម្ពុជាក៏មានជនជាតិចិនម្នាក់កើតជំងឺនេះផងដែរ ហើយកំពុងស្នាក់នៅព្យាបាលក្នុងខេត្តព្រះសីហនុ តែស្ថានភាពរបស់គាត់ស្ទើរតែជាសះស្បើយហើយ។ម្យ៉ាងវិញទៀតដោយសារវិធានការរបស់រដ្ឋាភិបាលមានប្រសិទ្ធិភាព មិនមានអ្នកណាផ្សេងទៀតឆ្លងជំងឺនេះនៅឡើយទេ។
សេចក្តីជូនតំណឹងសមាគមសម្ព័ន្ធខ្មែរ-ចិននេះ ធ្វើឡើងខណៈសាលារៀនចិនទូទាំងប្រទេសកម្ពុជានឹង បើកបវេសនកាលថ្មីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកុម្ភៈនេះ។ដូចនេះនៅពេលបើកបវេសនកាលនាពេលដ៏ខ្លីខាងមុខនេះ សមាគមសម្ព័ន្ធខ្មែរ-ចិន ណែនាំដល់សាលារៀនចិនទូទាំងប្រទេសកម្ពុជាត្រូវពង្រឹងការងារទប់ស្កាត់ការឆ្លងជំងឺរលាកសួតដោយមេរោគកូរ៉ូណាអោយបានខ្ជាប់ខ្ជួន ដូចជាត្រូវរក្សាអនាម័យក្នុងបរិវេណសាលារៀន អោយមានខ្យល់ចេញចូលបានល្អ ក្នុងករណីចាំបាច់ត្រូវអោយគ្រូនិងសិស្សានុសិស្សពាក់ម៉ាស់។
សេចក្តីជូនតំណឹងបានណែនាំផងដែរថា ចំពោះគ្រូជនជាតិចិនដែលទើបត្រឡប់មកពីប្រទេសចិនវិញ បើចាំបាច់ត្រូវអោយពួកគាត់នៅដាច់ដោយឡែកមួយរយៈពេលសិន ដើម្បីតាមដានសុខភាពរបស់ពួកគាត់សិន។