
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនឹងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជា ទី១៖ រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា។
ទី២៖ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ។
ទី៣៖ បន្តលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការផាកពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕
