ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា នេះបានជូនដំណឹងថា អ្នកដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ពិសេសផ្នែកមន្រ្តីឥណទាន (CO) នៅ« សួស្ដីហ្វាយណែន» ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមតាមដានសុខភាព និង សូមដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ មូលហេតុ មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
ជាមួយនឹងករណីនេះ អាជ្ញាធរ បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ពិសេសប្រជាពលរដ្ឋបានទៅ « ធនាគារកម្ពុជា អាស៊ី» នៅថ្ងៃ១៥ ដល់ថ្ងៃ ២០ ឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕