
ភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញចាំបាច់ ហូបចុករាល់ថ្ងៃ នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១។
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ ដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញកំណត់តំបន់ក្រហមឱ្យមានទំហំតិចតួចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។
ឯកឧត្ដមបន្តថា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង, តំបន់ លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច ។ វិធានការនេះបានជួយឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញបានថយចុះជាបន្តបន្ទាប់ ៕