
ភ្នំពេញ៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននាំយកជំនួយក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិកក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំង ការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិកក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិកទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ៕