Yearendyearend1140x150
Img 0571

ភ្ញៀវទេសចរជិត៥ម៉ឺននាក់ចេញដើរកំសាន្តតាមតំបន់នានាក្នុងពេលឈប់សម្រាក៣ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរទៅកម្សាន្តនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ (ភ្នំបូកគោ)

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់ ក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមរនាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូងដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៍មុន ព្រឹត្តិការណ៍២០កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។

ប្រជាពលរដ្ឋទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរៗ ដែលខុសពីរយៈពេល២សប្តាហ៍កន្លងមក ហើយភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់។ បណ្តាខេត្តដែលមានអត្រាទាបនៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្តក៏បានដើរកម្សាន្តកាន់តែច្រើននៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើនគឺជាភ្ញៀវទេសចរដែលទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូចក្នុងចំណោមមិត្តភ័ក្ត ពិសេសក្រុមយុវជន ដែលបានជ្រើសការធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងដែលជាកន្លែងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព។

ចំណែកក្រុមហ៊ុនទេសចរណ៍មួយចំនួនក៏បាននិងកំពុងរៀបចំកញ្ចប់ទស្សនកិច្ច ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នៅតាមបណ្តាខេត្តដែលមានអត្រាឆ្លងទាបនៃជំងឺកូវីដ-១៩ផងដែរ ដោអនុវត្តយ៉ាងម៉ត់ចត់តាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង