
ភ្នំពេញ៖ គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិខ្នាតធំទាំង៣នៅក្នុងប្រទេសកម្ពុជា កំពុងពន្លឿនការសាងសង់គម្រោងរបស់ខ្លួន តាមការកំណត់ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិចូលមកដំណើរកំសាន្តក្នុងប្រទេសកម្ពុជា ក្រោយជំងឺកូវីដ-១៩ធូស្រាលដោយសារការចាក់វ៉ាក់សាំងបង្កា។តែយ៉ាងណាគម្រោងសាងសង់នេះក៏បានការរះស្ទះផងដែរដោយសារការបិទខ្ទប់ក្រុងភ្នំពេញ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាលោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងសាងសង់គម្រោងព្រលានយន្តហោះខ្នាតធំចំនួន៣ មានជាអាទិ៍៖អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយាន្តដ្ឋានតារាសាគរ ខេត្តកោះកុង និង អាកាសយាន្តដ្ឋានក្នុងខេត្តសៀមរាប។បច្ចុប្បន្ននេះ ដំណើរការសាងសង់អាកាសយាន្តដ្ឋានកំពុងតែមមាញឹក តែដោយសារតែបញ្ហាកូវីដ១៩ ធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការសាងសង់ ដោយសារតែការបិទខ្ទប់ កម្មករ និងអ្នកជំនាញមិនទាន់អាចមកធ្វើការបាន។
បើតាមលោក ស៊ិន ចាន់សេរីវុត្ថា បន្តថា អាកាសយាន្តដ្ឋានតារាសាគរ គឺសម្រេចគម្រោងស្ទើតែជិតរួចរាល់ទាំងស្រុងទៅហើយ ហើយកំពុងតែធ្វើតេស្តសាកល្បង ខ្ទង់ប្រាំមួយប្រាំពីរខែទៀត ទើបចប់សព្វគ្រប់ ដោយនឹងរំពឹងថារួចរាល់ចប់សព្វគ្រប់នៅខែមិថុនា ឬកក្កដា តែដោយសារតែបញ្ហាកូវីដ១៩ គឺអាចំណាយពេលយូរជាងនេះបន្តិចបន្តួច។
ចំណែកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏មានការយឺតយ៉ាវក្នុងការសាងសង់តិចតួចដែរ ដោយសារតែកម្មករជំនាញចល័ត ខណៈអាកាសយាន្តដ្ឋានខេត្តសៀមរាបក៏រងផលប៉ះពាល់ដល់ដំណើរការសាងសង់ផងដែរ តែយ៉ាងណាមិញខាងក្រុមការងារអាចគ្រប់គ្រងបុគ្គលិកបាន ដោយមានកន្លែងស្នាក់នៅសម្រាប់បុគ្គលិកតែម្ដង។
លោក ស៊ិន ចាន់សេរីវុត្ថា បន្តថា គម្រោងសាងសង់ប្រលានយន្តហោះធំៗទាំងបី ខេត្តសៀមរាបសម្រេចការសាងសង់បានជាង ៤២% រីឯអាកាសយាន្តដ្ឋានភ្នំពេញថ្មីសម្រេចបាន ២០% និង ប្រលានយន្តហោះតារាសាគរខេត្តកោះកុងសម្រេចបានជាង ៩០% ពោលនៅតែការសាកល្បង និង សំណង់អាគារបន្តិចបន្តួចប៉ុណ្ណោះទេ។
លោកសង្ឃឹមថា ពេលស្រុកទេសធូរស្បើយព្រលានយន្តហោះទាំងនោះនឹងផ្ដល់គុណប្រយោជន៍ជាច្រើនដល់ផ្នែកសេដ្ឋកិច្ចកម្ពុជា ដោយមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា។
ក្រៅពីគម្រោងប្រលានយន្តហោះធំៗទាំង៣នៅភ្នំពេញ សៀមរាប និងខេត្តកោះកុង កម្ពុជាក៏មានគម្រោងសាងសង់ព្រលានយន្តហោះតូចៗដែរ គឺនៅខេត្តមណ្ឌលគិរី ដែលកំពង់ស្ថិតក្នុងការរៀបចំ សិក្សា និង ពិគ្រោះយោបល់សម្រាប់ការអនុម័ត្តនៅឡើយ ហើយនឹងប្រើពេលវេលាយូរផងដែរសម្រាប់ដំណើរការនេះ៕