
ភ្នំពេញ៖ អយ្យកាសាលាដំបូងររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភានេះ បានសម្រេចដោះលែងកូនប្រសារ និងកូនបង្កើតរបស់លោកឧកញ៉ា ហេង សៀ។ ការសម្រេចនេះគឺបន្ទាប់ពីតុលាការស៊ើបអង្កេតឃើញថា អ្នកទាំងពីរនេះមិនមែនជាអ្នកផលិតរូបភាពអាសអាភាសចែកចាយលើបណ្តាញសង្គមទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណីខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
