តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅខេត្តតាកែវ បានរកឃើញអ្នក ជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់បន្ថែមទៀត ដែលជាករណីឆ្លងនៅក្នុងសហគមន៍។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកវិជ្ជមានទាំង៥០នាក់នេះ ជានិស្សិត អាជីវករ កសិករ ជាងដែក កម្មករ និងកម្មការនីរោងចក្រ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នក វិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)៕