ភ្នំពេញ៖ ឧកញ៉ា ហេង សៀ ដែលមានជាប់ពាក់ព័ន្ធប្ដឹងផ្ដល់គ្នា ជាមួយកញ្ញា មាន ពេជ្ររីតា តារាម៉ូឌែល និងជាពិធីការនីទូរទស្សន៍ My TV នៅថ្ងៃទីនេះ បានបែកធ្លាយលិខិតសុំទោសចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហាតារាម៉ូដែលឈ្មោះ មាន ពេជ្ររីតា។
យោងតាមលិខិតសុំអភ័យទោស ឧកញ៉ា ហេង សៀ បានសរសេរថា «ខ្ញុំបាទឧកញ៉ា ហេង សៀ សូមអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហា ជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា កន្លងមក ខ្ញុំបាទមានការសោកស្ដាយជាទីបំផុត»។
ក្នុងលិខិតដដែលឧកញ៉ា ហេង សៀ បានបញ្ជាក់ថា «ហើយថ្ងៃកើតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងឲ្យខ្ញុំមកជួប បន្ទាប់គាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហា ច្រើនលើសលប់ពេក ដែលបណ្ដាលឲ្យខ្ញុំបាទមិនអាចបំពេញបំណង នាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិទមកចាក់ខ្ញុំបាទភ្លាមៗទេ»។
ជាការកត់សម្គាល់ ការបែកធ្លាយលិខិតសុំទោសនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕
