ភ្នំពេញ៖ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង - ដូចសត្វស្លាប។
គួរបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។
ក្រសួងបរិស្ថានបញ្ជាក់ថា ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។
ម្យ៉ាងផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។
បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ៕