
ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ ឧសភានេះ បានបញ្ជាដល់អភិបាលខេត្តមួយចំនួនដែលបានដាក់បម្រាមឱ្យអ្នកចូលខេត្តធ្វើចត្តាឡីស័ក ត្រូវតែធ្វើការកែសម្រួលឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។ការបញ្ជារបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីអភិបាលមួយចំនួន ក្នុងនោះមានខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ បានដាក់បម្រាមនេះ។
សម្តេច ហ៊ុន សែន បានចាត់ទុកការសម្រេចនេះ ធ្វើឱ្យគាំងដល់ក្បាលម៉ាស៊ីនដល់សេដ្ឋកិច្ចរបស់ប្រជាជន និងដូចឃុំប្រជាជនក្នុងទ្រុងមិនឱ្យធ្វើដំណើរទៅណា ដូច្នេះសម្តេចហ៊ុន សែន បានស្នើឱ្យគ្រប់ខេត្តទាំងអស់ ជាពិសេសខេត្តដែលបានចេញសេចក្តីសម្រេចហើយត្រូវកែសម្រួលឡើងវិញជាបន្ទាន់។
បើតាមសម្តេច ហ៊ុន សែន ការបញ្ជាក់នេះ គឺមិនមែនមានន័យថា សម្តេចរារាំងដល់វិធានការការពារការរីករាលដាលកូវីដ-១៩ទេ តែសម្តេចបានណែនាំឱ្យគ្រប់ខេត្តទាំងអស់ធ្វើឡើងចំពោះអ្នកដែលសង្ស័យ ហើយនាំទៅធ្វើចត្តាឡីស័ក។