%E1%9F%81%E1%9E%9A.jpeg?1620194410)
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ អំពីការកំណត់យកខេត្តចំនួន៣ទៀត រួមមានខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ជាទីតាំងភូមិសាស្រ្ត ដែលពលរដ្ឋកំពុងរស់នៅ ត្រូវតែពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាកាតព្វកិច្ច ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ភូមិសាស្ត្រខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងសុខាភិបាល តម្រូវឱ្យពលរដ្ឋមានកាតព្វកិច្ចចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានសំណូមពរ និងជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសាធារណជនទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ក្នុងមាត្រា១៩ បានចេញអនុក្រឹត្យអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ពីការផាកពិន័យពី ២០ម៉ឺនរៀល ទៅ ១លានរៀល ចំពោះអ្នកមិនពាក់ម៉ាស ឬអ្នកមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការរក្សាគម្លាតសុវត្ថិភាព៕

