
ភ្នំពេញ៖ ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល បានឈូសបន្លែសាលាដចោល ដោយអះអាងថា ពួកគេគ្មានទីផ្សារសម្រាប់លក់។ការឈូសចោលនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់កសិករ ចំណែកក្រសួងបានខិតខំជាច្រើនដើម្បីជួយកសិករ ខណៈពេលរដ្ឋាភិបាលបាននិងកំពុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កន្លងទៅក្រសួងកសិកម្មបានខិតខំណាស់ដើម្បីស្វែងរកទីផ្សារបន្លែជួយដល់បងប្អូនកសិករ ប៉ុន្តែដោយសារតែមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នាំឱ្យការដឹកជញ្ជូនបន្លែ ត្រីសាច់មួយចំនួនធំជួបបញ្ហា។
ឆ្លើយតបទៅនឹងកសិករឈូសបន្លែចោល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់កសិករ តែក្នុងតំណាក់កាលនេះជាពេលវេលាដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយប្រសិនបើអាជ្ញាធរបើកសេរីអាចនឹងធ្វើឱ្យប្រសិទ្ធភាពនៃការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បរាជ័យ។
តែយ៉ាងណាក៏ដោយ បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងបានដាក់សំណើរទៅខាងរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហើយ ដើម្បីជួយសម្រួលដល់កសិករ។ហើយឯកឧត្តមបានចាត់ទុកមតិរិះគន់មួយចំនួនជាងការកេងចំណេញនយោបាយក្នុងពេលបិទខ្ទប់។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រជាកសិករមួយចំនួនបានឈូសបន្លែចោល ដោយអះអាងថា ដោយសារគ្មានទីផ្សារសម្រាប់លក់។ពួកគេបានជំរុញទៅរដ្ឋាភិបាលឱ្យមានវិធានការរៀបចំការដើរប្រមូលទិញបន្លែពីប្រជាកសិករដែលកំពុងគ្មានទីផ្សារ យកទៅលក់នៅតំបន់បិទខ្ទប់ ឬត្រូវសម្របសម្រួលឱ្យកសិករអាចលក់ផលដំណាំរបស់ពួកគេនៅតំបន់នោះផងដែរ៕