វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញ អ្នកវិជ្ជមាននូវវីរុសកូវីដ១៩ ដែលបំប្លែងខ្លួនពីប្រទេសឥណ្ឌា ចំនួន៤នាក់ ក្នុងចំណោមជនជាតិឥណ្ឌាចំនួន១១នាក់ ខណៈពួកគេទាំងនោះមកស្នាក់នៅសណ្ឋាគារមួយកន្លែងនៃភាគខាងជើងប្រទេស។
ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានបញ្ជាក់ថា មានអ្នកជំនាញជនជាតិឥណ្ឌាចំនួន ៤ នាក់ និងបុរសជនជាតិវៀតណាមម្នាក់ កំពុងដាក់ឱ្យនៅដាច់ដោយឡែក ខណៈដែលអ្នកទាំង៤នោះបានរកឃើញថាឆ្លងវីរុសបំប្លែងថ្មីពីប្រទេសឥណ្ឌា។
បើតាមសារព័ត៌មានរបស់វៀតណាម បានចុះផ្សាយថា បុរសជនជាតិវៀតណាមម្នាក់ គឺជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារNhu Nguyet ២ ភាគខាងជើងនៃខេត្តយៀនបៃ។ បុរសវ័យ ៦៣ ឆ្នាំរូបនេះបានទាក់ទងជាមួយក្រុមអ្នកជំនាញឥណ្ឌានៅពេលពួកគេមកស្នាក់នៅសណ្ឋាគារកាលពីថ្ងៃទី ១៨ ខែមេសា ហើយក្នុងចំណោមជនជាតិឥណ្ឌា ១១ នាក់មាន ៤ នាក់ត្រូវបានបញ្ជាក់ថាមានវិជ្ជមានវីរុសបំប្លែងខ្លួនថ្មី ។
ទាក់ទងនិងបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាត្រកូល B.១.៦១៧ ត្រូវបានគេស្គាល់ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែធ្នូ ។ អង្គការសុខភាពពិភពលោកបន្ថែមថា វាអាចមាន ការផ្លាស់ប្តូរដែលអាចធ្វើឱ្យវីរុសអាចចម្លងបានកាន់តែច្រើន ហើយបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរឬគេចផុតពីភាពស៊ាំនៃវ៉ាក់សាំង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃករណីនាំចូលដែលបណ្តាលឱ្យមានរលកទីបួននៅក្នុងប្រទេស។ គាត់បានស្នើឱ្យវិទ្យាស្ថានឈានមុខគេធ្វើតេស្តនៃលំដាប់ហ្សែនរបស់អ្នកចូលក្នុងប្រទេសថ្មីៗដែលបានឆ្លងវីរុសនេះដើម្បីរកវិធីការពារសមស្របណាមួយ។
សូមជម្រាបជូនថា កន្លងមកវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមីង បានរកឃើញថាជិត ៨៦ ភាគរយនៃករណីវិជ្ជមានដែលនាំចូលពីប្រទេសកម្ពុជាគឺជាជំងឺកូវីដប្រភេទ B១.១.៧ ហើយជាង ១៤ ភាគរយគឺជំងឺប្រភេទ B.១.៣៥១ មានប្រភពពីអាហ្រ្វិកខាងត្បូង ៕