ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១នេះក្នុងរង្វង់៤ភាគរយ ហើយកើនខ្ពស់ក្នុងឆ្នាំ២០២២ ក្នុងរង្វង់៥,៥ភាគរយ ដោយសារតែតម្រូវការនាំចេញ និងមានដៃគូសហការសេដ្ឋកិច្ចសំខាន់។
បើតាមការបញ្ជាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថាសេដ្ឋកិច្ចប្រទេសកម្ពុជារំពឹងថានឹងកើនឡើង ៤,0 នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជម្រុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
នាយិការប្រចាំប្រទេសកម្ពុជាលោកស្រី Sunniya Durrani –Jamai បានមានប្រសាសន៍ថា៖« សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ៣,១%ក្នុងឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១»។
លោកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះករណីថ្មីៗដែលបានកើតឡើង ហើយលោកស្រីរំពឹងថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ២០២១។
លោកស្រីនាយិការបញ្ជាក់ថា កំណើននៃសេដ្ឋកិច្ចនេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នាទេ ដូច្នេះវាចំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការបន្ថែមឱ្យបានដិតដល់។
បន្ថែមពីការលើកឡើងនេះ របាយការណ៍ទៃ្សនវិស័យអាស៊ី(ADO) ក្នុងឆ្នាំ២០២១ បានលើកឡើងថាផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង៧,១% ក្នុងឆ្នាំ២០២១ និង៧,០ % នៅឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញនៃវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សាហកម្មស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់។
ក្នុងនោះដែរ វិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ២០២២ដោយមានការកើនឡើងនៃផលិតផលកសិផល បន្ទាប់ពីការរងខូចខាតដោយទឹកជំនន់ឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០។ ការផ្ទុះឡើងនៃជំងឺនេះ បណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនូវ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដូចជា វិស័យទេសចរណ៍ ការនាំចេញផលិតកម្ម និងសំណង់ ដែលមានចំនួនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ និងជិត ៤០ ភាគរយនៃការងារដែលបានធ្លាក់ចុះ។
បើតាមការបញ្ជាក់ពីធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ មានកំណើនអវិជ្ជមាន -៣,១ ភាគរយដែលជាការធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា៕