Cctime 6monthsfree desktop
Cc times  web banner kh (2)

តំបន់លឿង៖អនុញ្ញាតបើកឡើងវិញ«មុខរបរ និងអាជីវកម្ម»គ្រប់ប្រភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង

ភ្នំពេញ៖ តំបន់លឿងជាតំបន់មួយក្នុងចំណោមតំបន់ទាំង៣ ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ តំបន់លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ប៉ុន្តែត្រូវបន្តអនុវត្តវិធានសុខាភិបាល ហើយត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពតាមធម្មតាវិញ។

ភូមិសាស្រ្តរាជធានីភ្នំពេញដែលបានកំណត់ជាតំបន់លឿងត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានខណ្ឌចំនួន១៣ដូចជា ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌច្បារអំពៅ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល។

ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ សម្រាប់ភូមិសាស្រ្តដែលត្រូវបានកំណត់ជាតំបន់លឿង ការធ្វើចរាចរណ៍គ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញពីតំបន់លឿង ឆ្លងកាត់តំបន់ក្រហម និងតំបន់លឿងទុំ ឬទៅក្រៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១នៃប្រការ៤ និង៦នៃសេចក្តីសម្រេចនេះ។

ចំណែកឯសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់លឿងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មកំសាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកឱ្យដំណើរការនៅក្នុងតំបន់លឿង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងការអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។

ម្យ៉ាងវិញទៀត នៅក្នុងតំបន់លឿងត្រូវបានហាមឃាត់ចំពោះការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានភាពកកកុញដែលមានមនុស្សលើសពី១០នាក់ លើកលែងតែការជួបជុំសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា។

បន្ថែមពីនេះ នៅក្នុងតំបន់លឿង ក៏ត្រូវអនុវត្តបម្រាមគោចរផងដែរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២០ដល់ម៉ោង៥ លើកលែងតែក្នុងករណីចាំបាច់មួយចំនួនដូចជា ការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលមានសមត្ថកិច្ចចុះអនុវត្តវិធានការក្នុងកំឡុងពេលបិទខ្ទប់ ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរដោយមូលហេតុបន្ទាន់ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: តំបន់លឿង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង