
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN»។ តាមរយៈនៃការចេញវិញ្ញាបនបត្រនេះ មានន័យថាថ្នាំនេះត្រូវបានអនុញ្ញាតឱ្យចរាចរនៅក្នុងទីផ្សារប្រទេសកម្ពុជា។
នៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហានប្រទេសចិន ថ្នាំនេះត្រូវបានគេអនុញ្ញាតិអោយប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានលក្ខណៈធូរស្រាល។
ឱសថបុរាណចិន Lianhua Qingwenនេះ មានមុខងារព្យាបាលដូចជា បន្សាបជាតិពុលនិងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ករឺឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។
តាមការណែនាំពីវេជ្ជបណ្ឌិត ចំពោះអ្នកជំងឺដែលមានជំងឺលើសឈាម ជំងឺបេះដូងត្រូវប្រើវាដោយប្រយ័ត្នប្រយែង ។ឯអ្នកដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរដូចជាជំងឺថ្លើម ទឹកនោមផ្អែម និងជំងឺក្រលៀនជាដើមគួរតែប្រើថ្នាំនេះតាមការណែនាំរបស់គ្រូពេទ្យជាចាំបាច់។
លោក Zhong Nanshan វេជ្ជបណ្ឌិតចិន ធ្លាប់មានប្រសាសន៍ថា មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាឱសថបុរាណចិន Lianhua Qingwen មានប្រសិទ្ធភាពក្នុងការធ្វើឱ្យរោគសញ្ញាក្នុងខ្លួនរបស់អ្នកជំងឺកូវីដមានការធូរស្រាល។
សូមបញ្ជាក់ថា ក្រៅពីត្រូវបានដាក់លក់នៅទីផ្សារចិនដីគោក ថ្នាំនេះក៏ត្រូវបានចុះបញ្ជីអនុញ្ញាតឱ្យចរាចរនៅទីក្រុងហុងកុង ម៉ាកាវ ប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី កាណាដា រ៉ូម៉ានីនិងថៃផងដែរ។នៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ស្ថានទូតចិនប្រចាំប្រទេសនានាបានផ្តល់សំភារៈចាំបាច់មួយចំនួនដល់និស្សិតចិនដែលកំពុងបន្តការសិក្សានៅបរទេស ដែលក្នុងនោះក៏មានថ្នាំLianhua Qingwenផងដែរ៕