កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីរកឃើញវិជ្ជមាន កូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ «ថេង កុសល» អាយុ ២៧ ឆ្នាំ ជាអ្នកធ្វើការ «រោងចក្រសាន ស៊ឹង» នៅកំបូល រាជធានីភ្នំពេញ បានត្រលប់ទៅស្រុកកំណើត នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយម៉ូតូជាមួយមិត្តភក្តិ។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីឆ្លងនេះ ក៏បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺពី«មណ្ឌលចត្តាឡីស័ក»របស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅ«មន្ទីរពេទ្យខេត្តកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។
ជាលទ្ធផលបឋម ក្រុមការងារបានស្រាវជ្រាវរកឃើញអំពីប្រវត្តិដំណើរបុរសវិជ្ជមានកូវីដខាងលើ ដែលមានឈ្មោះ «ថេង កុសល» ជាអ្នកធ្វើការ«រោងចក្រសាន ស៊ឹង» នៅកំបូល រាជធានីភ្នំពេញ (ស្នាក់នៅតែម្នាក់ឯង)។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានមកដល់ផ្ទះស្រុកកំណើត ដោយម៉ូតូជាមួយមិត្តភក្តិដែលវិជ្ជមានកូវីដ-១៩ ឈ្មោះ «អ៊ុក សាឌី»។ ហើយក៏បានជួបជុំមិត្តភក្តិ គ្នា៧-៨នាក់ ផឹកស៊ីគ្រឿងស្រវឹង នៅវាលស្រែ ជាមួយគ្នា។ នៅថ្ងៃទី១៦ ខែមេសា ក៏បានទៅអង្គុយលេងនៅ«វត្តពាមជីកង» រយៈពេលប្រហែល៣០នាទី។ តែចាប់ពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១ ទៅ បុរសខាងលើមិនបានចល័តទៅណានោះទេ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅ«មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត» ដោយសារតែប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ អ៊ុក សាឌី ជាមិត្តភក្ដិជិះម៉ូតូមកពីភ្នំពេញជាមួយគ្នា។
ជាមួយគ្នានេះ អ្នកពាក់ព័ន្ធនឹងបុគ្គលវិជ្ជមាន «ថេង កុសល» ដោយផ្ទាល់ មានចំនួន ១៤នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវបន្ថែមទៀត។ ដោយឡែក អ្នកប៉ះពាល់ដោយប្រយោល ក្រុមការងារកំពុងបន្តការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។ ហើយអាជ្ញាធរ ក៏កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ថេង កុសល បន្ថែមទៀត និងសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងបុរសរូបខាងលើនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
អាស្រ័យដូចនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស មិត្តភក្ដិដែលហូបស្រាជាមួយគ្នានៅវាលស្រែជាមួយអ្នកជំងឺរូបនេះ និងបងប្អូនកម្មករ កម្មការិនី មិត្តភក្តិររបស់ឈ្មោះ «ថេង កុសល» ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនង សូមតាមដានសុខភាពរបស់ខ្លួន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារ ដោយឡែក អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យ ខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺកូវីដនេះ៕