
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២០ មេសានេះ បានចាក់វ៉ាក់សាំងលើកទី២ រួចរាល់ហើយ។ការចាក់នេះ គឺធ្វើឡើងមុនពេលដែលសម្តេចនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៤ មេសា ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១ ហើយថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។
បើតាមសម្តេចថ្លែងថា "លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac"។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលមានតំណែងជារដ្ឋមន្រ្តី បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)៕


