
ភ្នំពេញ៖ យោងតាមសារបង្ហោះតាមបណ្ដេញសង្គមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅល្ងាចថ្ងៃទី១៩ មេសានេះ បានប្រកាសអំពីការចូលរួមរំលែកទុកដល់«លោក គិន លី» ជាអតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើមរណកាលដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង៨ និង០០នាទី។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសនូវដំណឹងដ៏ក្រៀមក្រំ ដល់សាធារណជនទូទៅ ឱ្យបានដឹងថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លោក គិន លី បានចូលបម្រើក្នុងអង្គភាពគយ ចាប់តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩០។ លោក បានបំពេញភារកិច្ចជាច្រើនកន្លែង និងត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់។ ជាចុងក្រោយ លោកបានបំពេញភារកិច្ចក្នុងតួនាទីជា ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃលោក បានចូលនិវត្តន៍ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លើសពីនេះទៅទៀត សម្រាប់លោក គិន លី ក្នុងមួយជីវិតរបស់លោក បានបម្រើការងារនៅអង្គភាព និងបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដោយភាពស្មោះត្រង់ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងមានសីលធម៌រស់នៅល្អ។ មិនតែប៉ុណ្ណោះ លោក គិន លី ក៏បានបន្សល់ទុកនូវស្នាដៃជាច្រើន គួរជាទីចងចាំសម្រាប់អង្គភាព និងអ្នកជំនាន់ក្រោយ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី លឹម សុខជាង ជាភរិយារបស់លោក គិន លី និងសមាជិកក្រុមគ្រួសារព្រមទាំងញាតិមិត្ត ទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាពេលនេះ។
ក្នុងសេចក្ដីជូនដំណឹងនោះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជូនពរដល់លោកស្រី លឹម សុខជាង និងបុត្រី ដែលកំពុងសម្រាកព្យាបាលជំងឺកូវី៥-១៩ ត្រូវពង្រឹងស្មារតី ឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យដែលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសូមឆាប់បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ៕




