ភ្នំពេញ៖ ប្រជាពលរដ្ឋដែលដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំងដូសទី២ គឺមិនអនុញ្ញាតឱ្យឆ្លងកាត់ខេត្ត រាជធានី ឬខណ្ឌបានទេ គឺតម្រូវឱ្យចាក់នៅតំបន់ដែលខ្លួនរស់នៅក្នុងភូមិសាស្រ្តរបស់ខ្លួនតែម្ដង។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីមានតម្រូវការចាក់វ៉ាក់សាំងលើកទី២ដោយត្រូវឆ្លងខេត្ត រាជធានី ឬខណ្ឌ ពលរដ្ឋ មិនអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងឆ្លងកាត់បានទៀតទេ។
រដ្ឋបាលរាជធានីភ្នំពេញ បន្តថាពលរដ្ឋគួរទាក់ទងទៅខាងសេវាសុខាភិបាល ដើម្បីបានចាក់វ៉ាក់សាំងនៅតំបន់ភូមិសាស្ត្ររបស់ខ្លួន តែម្តង ដោយបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណសម្គាល់ខ្លួន តែត្រូវធ្វើដំណើរចេញពីផ្ទះទៅកាន់គោលដៅចាក់វ៉ាក់សាំង ហើយពេលចាក់វ៉ាក់សាំងរួចត្រូវត្រឡប់ចូលផ្ទះវិញ និងរង់ចាំការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល។
សូមជម្រាបជូនថា ការចាក់វ៉ាក់សាំងបានផ្អាកជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០២១។ ដូចនេះការធ្វើដំណើរដោយមូលហេតុនេះ មិនត្រូវបានអនុញ្ញាតទៀតនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញបន្តថា ប្រសិនបើការចាក់វ៉ាក់សាំង អាចពន្យារពេលបាន ត្រូវធ្វើការពន្យា ឬសួរទៅខាងពេទ្យដើម្បីអាចពន្យាពេលសិន តែបើដាច់ខាតត្រូវចាក់ ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរ និងភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ការត្រូវចាក់វ៉ាក់សាំង និងឯកសារបញ្ជាក់អត្តសញ្ញាណ៕