
ភ្នំពេញ៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បណ្ដេញចេញពីក្របខណ្ឌនគរបាលឈ្មោះ អ៊ុង ចាន់ធួក។ ការបណ្តេញនេះ គឺធ្វើឡើងបន្ទាប់ពីនគរបាលរូបនេះបានល្មើសឬបំពានបម្រាម ដោយនាំគ្នាជួបជុំផឹកស៊ី រាំច្រៀង។ នេះបើតាមព្រះរាជក្រឹត្យយើងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
យោងតាមព្រះរាជក្រឹត្យ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
គួរបញ្ជាក់ថា លោក អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគូកនពីរនាក់ទៀតត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែមេសានេះ ពីបទល្មើសវិធានការបិទខ្ទប់របស់រដ្ឋាភិបាល ដោយលោកបានរៀបចំពិធីជប់លៀង ផឹកស៊ី ច្រៀងរាំ និងលេងបាតម៉្សៅ ផ្ទុយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល សម្រាប់អ្នកជួលបន្ទប់របស់ខ្លួនក្នុងភូមិសាស្តខណ្ឌមានជ័យ។
ទន្ទឹមនេងនេះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាឲ្យមានចំណាត់ការជាបន្ទាន់ចំពោះករណីនេះ ដោយមិនមានការលើកលែងណាមួយឡើយ ហើយអតីតឧត្តមសេនីយ៍ទោរូបនេះ រួមជាមួយមនុស្ស២នាក់ទៀត ក៏ប្រឈមមុខចំពោះមុខច្បាប់ផងដែរ៕

