
ខេត្តព្រះសីហនុ៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ បានទទួលមរណៈភាព ល្ងាចម៉ោង ៦ និង៥០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅ«មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ» ដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពរបស់រដ្ឋបាលខេត្តខេត្តព្រះសីហនុ។
ក្នុងសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា បុរសជនជាតិខ្មែរ បានទទួលមរណៈភាព មានអាយុ ៦៧ឆ្នាំ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៥ និង៣០នាទី ដោយមូលហេតុ«ហត់ខ្លាំង»។
នៅថ្ងៃទី១៤ ខែមេសា ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៥ និង២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩ ក្រោយមក រហូតដល់ល្ងាចម៉ោង ៦ និង៥០នាទីក្នុងថ្ងៃដដែល អ្នកជំងឺបានស្លាប់ ដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។ ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងមិនដឹងថាខ្លួនមានផ្ទុកមេរោគកូវីដ-១៩ នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរ ទើបមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែដោយសារស្ថានភាពនោះធ្ងន់ធ្ងរ ធ្វើឱ្យក្រុមគ្រូពេទ្យ ពុំអាចជួយសង្គ្រោះបានឡើយ។
អាជ្ញាធរខេត្ត បានបញ្ជាក់ថា ចំពោះអ្នកមកយកសំណាកទាន់ពេលវេលា គឺលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយមានភាគរយខ្ពស់ និងកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃផងដែរ។ ដូច្នេះ សូមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ សូមរួសរាន់មកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
គួររំលឹកថា នៅក្នុងខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥៩នាក់ ដោយក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលជាសះស្បើយសរុបចំនួន ៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន ៩៣នាក់៕