
ភ្នំពេញ៖ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិនមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺដំណើរការជាប្រក្រតី បើទោះបីជានៅប្រទេសចិនកំពុងញាំញីដោយមេរោគ«កូរ៉ណា»ក្តី។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោក សៀង ថៃ បានថ្លែងថា ក្នុងរយៈពេលមួយខែដែលប្រទេសចិនផ្ទុះមេរោគ«កូរ៉ូណា»ការស្នើសុំបញ្ជាទិញពីអ្នកវិនិយោគចិននៅតែរក្សាកំណើនដដែរ គ្មានចំនួនថយចុងនោះឡើយ។
លោក សៀង ថៃ បានថ្លែងថា «បើយើងក្រឡេកមើលទៅមេរោគកូរ៉ូណានេះវាវៃទៅលើមនុស្ស ឯទំនិញវាមិនមានជាបញ្ហាអ្វីនោះទេ យើងបញ្ជូនទំនិញនៅតែជាធម្មតាទេដូចជា ទំនិញដឹកតាមរថយន្តកុងតៃន័រ ឯផលិទ្ធផលកសិកម្មអីយើងនៅតែបញ្ជូនទៅ។»
នៅក្នុងសន្និសីទកាសែតរៀបចំធ្វើឡើងនៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរក្សាឱ្យមានជើងហោះហើយពីចិនមកកម្ពុជា បើទោះបីនៅប្រទេសចិនកំពុងផ្ទុះ មេរោគ«កូរ៉ូណា»ក្តី។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបិទជើងហោះហើរមកពីប្រទេសចិនដោយសារខ្លាចឆ្លងវីរុសកូរ៉ូណា គឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។
ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា ការផ្ទុះមេរោគ«កូរ៉ូណា» វាបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកជាសកលគ្រាន់តែវាតិចឬច្រើន។នៅកម្ពុជាមានផលប៉ះពាល់តិចតូចលើផលិតលទ្ធផលកសិកម្មនៅតាមព្រំដែនកម្ពុជា និងថៃ ដោយសារតែប្រទេសថៃទិញផលិតលទ្ធផលកសិកម្មពីកម្ពុជាហើយកែច្នៃនាំចេញទៅកាន់ទីផ្សារចិន៕