
ថៃ៖ លោកវរសេនីយ៍ទោ Sirikul Kritphitthayaboon អ្នកនាំពាក្យទីបញ្ជាការរងនៃទីបញ្ជាការប៉ូលីសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា រលកថ្មីនៃ Covid-19 បានឆ្លងដល់មន្រ្តីប៉ូលីសចំនួន ១១៣ នាក់។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand។
នៅទូទាំងប្រទេស មន្រ្តីប៉ូលីសចំនួន ១១៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីឆ្លងវីរុសនេះ។ ប៉ូលីសបានរាយការណ៍ថា មានអ្នកឆ្លងច្រើនជាងគេគឺ ប៉ូលីសក្រុង ៥២ នាក់ បន្ទាប់មកប៉ូលីសខេត្ត ២០ នាក់ ប៉ូលីសទេសចរណ៍ ៧ នាក់ និងអ្នកស៊ើបអង្កេតកណ្តាល ៥ នាក់ ។
ខណៈមន្ត្រីប៉ូលីស ៩៦១ នាក់ត្រូវបានដាក់ឲ្យនៅដាច់ឡែក ដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្រ្តីផ្សេងទៀតដែលបានឆ្លងជំងឺនេះ។
ឧត្តមសេនីយ៍ឯក Suwat Jangyodsuk មេបញ្ជាការប៉ូលីសជាតិបានជំរុញឱ្យមន្ត្រីទាំងអស់ប្រើវិធានការការពារ Covid-19 ក៏ដូចជាការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលមានទំនាក់ទំនងជាមួយសាធារណៈជន ពីក្រុមដែលប្រថុយប្រថាន ជាពិសេសក្នុងអំឡុងពេលសង្ក្រាន្ត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា ដោយមានចំនួនគ្រោះថ្នាក់ចរាចរណ៍តែងតែកើនឡើង៕