Cc time web banner 054637

ស្ត្រី«វ័យ៦១ឆ្នាំ»ស្លាប់ដោយសារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យហ្លួងម៉ែ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា នេះ បានប្រកាសថា ករណីទី៣០ ស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយយោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីវ័យ៦១ឆ្នាំម្នាក់ មានអាសយដ្ឋាននៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ នៅល្ងាចម៉ោង០៦ និង៣០នាទី នៅមន្ទីរពេទ្យហ្លួងម៉ែ។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ យប់ម៉ោង ១០ និង៣០នាទី។ ក៏ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ នៅល្ងាចម៉ោង០៦ និង៣០នាទី។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងបណ្ដាសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសពផងដែរ។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៥១៥នាក់ ជាសះស្បើយចំនួន ២២១២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២៦៨នាក់ ហើយករណីស្លាប់ ៣០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង