Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំនិញមួយចំនួនអាចនឹងមានការឡើងថ្លៃបន្ទាប់ពីបិទព្រំដែនកម្ពុជា-វៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានសម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្នដោយសារតែមានការផ្ទុះឡើងនៃកូវីដ១៩។ ការបិទច្រកនេះត្រូវបានអ្នកសេដ្ឋកិច្ចយល់ថា ទំនិញមួយចំនួននឹងមានការឡើងថ្លៃ ជាពិសេស គឺផលិតផលកសិកម្ម។ 

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច បានប្រាប់ស៊ីស៊ីថាមស៍ថា បើខាងវៀតណាមបិទការធ្វើដំណើរចេញចូលរបស់មនុស្ស នោះវាមិនមែនជាបញ្ហាធំទេ ប៉ុន្តែបើមានការបិទនូវការនាំចេញ និងនាំចូលទំនិញពីវៀតណាមនោះនឹងបណ្តាលឱ្យមានបញ្ហាមួយចំនួន ដោយសារតែខាងយើងទិញបន្លែ ផ្លែឈើមួយចំនួនពីវៀតណាមដែ។

លោកបានបន្តថា ក្រៅពីការនាំចូលទំនិញពីវៀតណាម កម្ពុជាក៏មានការនាំចេញនូវទំនិញកសិកម្មមួយចំនួនទៅវៀតណាមផងដែរ ដូច្នេះពេលវៀតណាមបិទច្រកអាចនាំឱ្យមានផលវិបាកមកកម្ពុជាបន្ថែមទៀត។

រីឯលោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចបានប្រាប់ស៊ីស៊ីថាដែរថា ការបិទច្រកព្រំដែនចេញចូលពីវៀតណាមអាចផ្តល់ផលប៉ះពាល់ដល់កម្ពុជាជាច្រើន ហើយបញ្ហាចម្បងគឺផលិតផលកសិកម្ម។លោកថា បន្ទាប់ពីមានការបិទច្រក ប្រសិនបើកម្ពុជា ពឹងផ្អែកទៅលើការនាំចូលទំនិញកសិកម្មពីវៀតណាមច្រើន នោះវាអាចបណ្តាលទំនិញទាំងនោះនឹងមានការខ្វះខាត និងបង្កឱ្យទំនិញមួយចំនួនក្នុងប្រទេសកម្ពុជាអាចមានការឡើងថ្លៃ។

អ្នកវិភាគទាំងពីររូប បានមើលឃើញដូចគ្នាថា កម្ពុជាភាគច្រើននាំចូលទំនិញពីវៀតណាមមានដូចជាសម្ភារៈប្រើប្រាស់ សម្ភារៈសំណង់ និង ជាពិសេសនោះ គឹផលិតផលកសិកម្ម (បន្លែ សាច់ ផ្លែឈើ…)។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។បច្ចុប្បន្នជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

ភ្លាមៗសម្តេចហ៊ុន សែន បានបញ្ជាទៅសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។វិធានការនេះ នឹងដកទៅវិញនៅពេលដែលខាងវៀតណាមដកបំរាមដូចគ្នា។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែនបានលើកឡើងថា ការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ។សម្រាប់សម្តេចវិធានការកម្ពុជា គឺជាការជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកពេលចូលមកកម្ពុជាហើយ ត្រូវអាជ្ញាធរវៀតណាមដាក់បំរាមអោយនៅដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាម ក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង