ភ្នំពេញ៖ លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល បានសំណូមពរដល់អាជ្ញាធររាជធានីខេត្ត មេត្តាជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទី១រួច ហើយដល់ពេលកំណត់មកចាក់វ៉ាក់សាំងលើកទី២ កុំមានការហាមឃាត់ក្នុងពេលអនុវត្តបិទការចេញ-ចូលខេត្តនេះអី។
បើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ឌឌីន បានឱ្យដឹងថាប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងដូសលើកទីពីរ តែត្រូវជាប់គាំងដោយសារតែការបិទមិនឱ្យមានការចេញចូលឆ្លងខេត្ត នឹងត្រូវមានការអនុញ្ញាតពីអាជ្ញាធរឱ្យឆ្លងកាត់ដើម្បីបានទីចាក់ដូសលើកទី២។
លោកជំទាវ បានសំណូមពរដ៏ទទូចឱ្យអភិបាលគណៈអភិបាលរាជធានីខេត្ត មេត្តាជួយពិនិត្យមើលករណីនេះផង ដើម្បីសម្រួលឱ្យពលរដ្ឋដែលត្រូវចាក់ដូសទី២បានចាក់ដោយរលូន។ ព្រោះពលរដ្ឋដែលចាក់វ៉ាក់សាំងលើកទី១ហើយ មិនបានមកចាក់វ៉ាក់សាំងលើកទី២ទេ មានន័យថាការចាក់លើកទី១នោះក្លាយទៅជាអាសារបង់ជាមិនខាន។
លោកជំទាវលើកឡើងថា ពេលដែលពលរដ្ឋទៅចាក់លើកទី១ សុទ្ធតែមានកាត ឬប័ណ្ណសម្គាល់ខ្លួន ដូច្នេប្រសិនជាអ្នកដែលចាក់លើកទី១ ដល់ពេលកំណត់មកចាក់លើកទី២ ពលរដ្ឋអាចបង្ហាញកាតទៅកាន់អាជ្ញាធរ ឬសមត្ថកិច្ច ដែលមានដាក់គោលដៅត្រួតពិនិត្យនៅតាមព្រំប្រទល់ខេត្តមួយទៅព្រំប្រទល់ខេត្តមួយ ដើម្បីបញ្ជាក់ថាខ្លួនពិតជាមានតម្រូវការមកចាក់វ៉ាក់សាំងពិតប្រាកដមែន។
លោកជំទាវបញ្ជាក់ថា អ្នកដែលមានតម្រូវការមកចាក់វ៉ាក់សាំងអាចបង្ហាញកាត ឬបណ្ណដែលបានចាក់លើកទី១ទៅអាជ្ញាធរ ឬសមត្ថកិច្ចពេលដែលធ្វើដំណើរដល់ទីតាំងត្រួតពិនិត្យ និងបញ្ជាក់ពីទីតាំងដែលត្រូវទៅចាក់។
ជាងនេះទៅទៀត អាជ្ញាធរអាចពិនិត្យមើលកាលបរិច្ឆេទនៅលើកាតចាក់វ៉ាក់សាំង និងអាចវាយតម្លៃបាន និងផ្ទៀងផ្ទាត់បានទៅតាមកាល់កំណត់នៃប្រភេទវ៉ាក់សាំងនីមួយៗ ថាពួកគាត់ពិតជាទៅចំថ្ងៃដែលកំណត់ពិតមែនឬទេ។
ទន្ទឹមនឹងនេះ លោកជំទាវសំណូមពរឱ្យថ្នាក់ដឹកនាំនៅតាមរាជធានីខេត្ត មេត្តាជួយចាត់ចែងលើបញ្ហានេះ ដើម្បីសម្រួលប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងលើកទី២ បានចាក់ដោយរលូននិងកុំមានការហាមឃាត់អី។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី ៦ មេសានេះ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត៕