Yearendyearend1140x150
Img 0571

កម្ពុជាពិចារណាទទួល«ទេសចរ»ដែលចាក់វ៉ាក់សាំងហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។

តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយហ្មត់ចត់ក្នុងនោះរួមមាន៖

១៖ ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ

( Build Trust and Confident)

២៖ គុណភាព សេវាកម្ម និងតម្លៃសមរម្យ

៣៖ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។

ឯកឧត្តមបានបន្តថា ករណីនេះអាចជាការចាប់ផ្តើមពិភាក្សាគ្នាអំពីការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេសសម្រាប់ទេសចរដែលធ្វើដំណើរតាមជើងយន្តហោះត្រង់មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការសកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ១៩» ដែលរាជរដ្ឋាភិបាលទើបបានអនុម័តថ្មីៗនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង