ភ្នំពេញ៖ ក្រសួងសុខាភិបាល គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញកម្មករជិត ៥០នាក់ឆ្លងជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រកាត់ដេរ«ឌីន ហាន» មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បញ្ជាក់ដល់ក្រុមសារព័ត៌មានស៊ីស៊ីថាមស៍នៅយប់នេះ។
ក្រៅពីនេះ លោក ម៉េត មាសភក្ដី ក៏បានបន្ថែមថា «វាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានចែងក្នុងសេចក្ដីប្រកាសអនុក្រឹត្យស្ដីពីការទប់ស្កាត់ការរីករាលកូវីដ១៩នោះទេ ពាក់ព័ន្ធនឹងបុគ្គលណាដែលមិនចូលរួមសហការក្នុងការយកសំណាកទៅពិនិត្យទេនោះ គឺប្រឈមនឹងការផាកពិន័យអន្តរការនូវទឹកប្រាក់ចំនួនពី ១លានដល់ ៥លានរៀល។ មិនតែប៉ុណ្ណោះទេ ទាំងអស់គ្នាគឺមានកាតព្វកិច្ចក្នុងការចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល»។
ជាមួយគ្នានេះ សម្រាប់បងប្អូនសាច់ញាតិ ឬមិត្តភក្តិដែលពាក់ព័ន្ធជាមួយកម្មករដែលវិជ្ជមានកូវីដជិត ៥០នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវតាមការណែនាំនោះទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏មានតួនាទីក្នុងការចុះត្រួតពិនិត្យតាមដាន ដោយយកចិត្តទុកដាក់បំផុត។
ដោយឡែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានប្រាប់បណ្ដេញព័ត៌មាន Fresh News ថា អាជ្ញាធរធ្វើការអំពាវនាវដល់កម្មករកម្មការនីទាំងអស់ ដែលបម្រើការនៅរោងចក្រខាងលើឱ្យចូលរួមមកយកសំណាករបស់ខ្លួន ដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការនោះឡើយ។ ដោយទាំងអស់គ្នានេះ ជាកាតព្វកិច្ចរបស់កម្មករម្នាក់ៗ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃនេះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងចុះយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីតេស្តរកកូវីដ១៩។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានគូសបញ្ជាក់ថា ចំនួនកម្មករប្រមាណ ២៥៦២នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ «ឌីន ហាន» ខណ្ឌមានជ័យ៕