
ភ្នំពេញ៖ ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយ ដែលអ្នកចែកចាយនោះជាក្រុមជនអនាមិក មកពី១០៦ប្រទេសលើពិភពលោក។
ក្រុមជនអនាមិកកំពុងតែចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អុីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ទិន្នន័យទាំងនោះត្រូវបានក្រុមជនខិលខូចទាញយកកាលពីឆ្នាំ២០១៩ ដែលពេលនោះកម្មវិធីរបស់ហ្វេសប៊ុក មានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យពួកគេទាញយកទិន្នន័យបានយ៉ាងងាយស្រួល។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសនិងបច្ចេកវិទ្យាបញ្ជាក់ថា ទោះបីជាទិន្នន័យដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដីប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយជនខិលខូចអាចប្រើទិន្នន័យទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត៕