Yearendyearend1140x150

សមត្ថកិច្ចនឹង«ចាប់ខ្លួន ឬពិន័យ»អ្នកល្មើសបម្រាមគោចរចាប់ពីយប់នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ«បម្រាមគោចរ»លក្ខណៈទ្រង់ទ្រាយធំ ចាប់ពីយប់ថ្ងៃទី០២ មេសានេះតទៅ។ ការត្រៀមអនុវត្តវិធានការក្តៅនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលល្មើសទៅនឹងវិធានការ«បម្រាមគោចរ»កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ក្នុងវិធានការរឹតបន្តឹងបម្រាមគោចរក្នុងថ្ងៃដំបូងគឺថ្ងៃទី០១ ខែមេសា អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ«បម្រាមគោចរ»ដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចបានរាយកងកម្លាំងធ្វើការឃោសនាណែនាំតាមមេក្រូទាក់ទងនឹងវិធានការ នៅតាមដងផ្លូវសាធារណៈនានានៅក្នុងរាជធានីភ្នំពេញ ខណៈនៅថ្ងៃដំបូងនៃក្នុងប្រតិបត្តិការនេះ អាជ្ញាធរមិនទាន់បានឃាត់ខ្លួន ឬក៏ដាក់ពិន័យទៅលើប្រជាពលរដ្ឋដែលល្មើសនឹងបម្រាបគោចរនៅឡើយ។

ដោយឡែក អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ«បម្រាមគោចរ»លក្ខណៈទ្រង់ទ្រាយធំ ចាប់ពីយប់ថ្ងៃទី០២ មេសានេះតទៅ។ អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តនូវវិធានការតាមផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមិនគោរពតាមវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ចេញ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលនៅថ្ងៃទី០១ ខែមេសាបានចេញសេចក្តីសម្រេចដោយផ្អាកការចរាចររួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

បើតាមប្រការ២នៃសេចក្តីសម្រេចនេះបានចែងថា ៣ចំណុចដែលត្រូវហាមឃាត់នៅក្នុងរាជធានីភ្នំពេញរួមមមាន ១/កន្លែងលក់អាហារ កន្លែងផឹកស៊ីគ្រប់ប្រភេទត្រូវបិទនៅម៉ោង៨យប់ដល់ម៉ោង៥ភ្លឺជាកំហិត តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន ២/ផ្អាកការជួបជុំហូបចុក ផឹកស៊ី ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ ៣/ផ្អាកចរាចរណ៍ទាំងអស់ពីចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ ចំណែក ប្រការ៣ រួមមាន ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួល ទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ)។ ដោយឡែកចំណុចខ្លះក៏មានករណីលើកលែងមួយចំនួនដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង